ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពេញមួយឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅការងារបន្តសំដៅឈានទៅសម្រេចនូវគោលបំណង នៃការអនុវត្តដំណាក់កាលទី៤ គឺ “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។